បច្ចេកទេសក្នុងការដាំម្ទេស

  • 1
14900394_1210512852328697_4210227613257262278_n

បច្ចេកទេសក្នុងការដាំម្ទេស

Category : Uncategorized

១.ការរៀបចំដី និងការសាបគ្រាប់
មុនដាំ យើងត្រូវរៀបថ្នាលសាបកូនលើផ្ទៃដី ៦ ម៉ែត្រការ៉េ ។ នៅលើថ្នាល យើងត្រូវជ្រុំកាប់បំផុសដី និងដាក់ជីលាមកគោចំនួន ២ បង្គី កប់ចូលក្នុងថ្នាល។ យើងត្រូវយកគ្រាប់ពូជទិញពីផ្សារចំនួន ១ ខាំ ទៅត្រាំទឹកក្តៅឧណ្ហៗ រយៈពេល ២ម៉ោង ទើបយកទៅសាបនៅថ្នាល។ ក្រោយពីសាប យើងត្រូវកាត់កំទេចចំបើងគ្របពីលើ រួចស្រោចទឹកឲ្យជោគរៀងរាល់ថ្ងៃ ។
២.ការរៀបចំដីដាំកូនម្ទេស និងការដាំកូន
យើងត្រូវភ្ជួរ រាស់ដីឲ្យម៉ដ្ឋល្មម រួចកាប់រណ្តៅដែលមានចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ ៥ តឹក និងចន្លោះជួរ ៥ តឹក ។ នៅក្នុងរណ្តៅនីមួយៗ យើងត្រូវប្រើជីលាមកសត្វពុកផុយដាក់ទ្រាប់បាតរណ្តៅ។ ក្រោយពេលបណ្តុះកូនបាន ២-៣ សប្តាហ៍ មុននឹងយកទៅដាំលើថ្នាលថ្មី ចូរកាត់បណ្តូលកូនម្ទេសឱ្យសល់តែថ្នាំងដែល មានស្លឹកចាស់ ព្រមទាំងកាត់ឬសកែវឱ្យសល់ប្រវែង ១ ឬ១ ថ្នាំងដៃកន្លះ ។ នៅពេលដែលម្ទេសធំឡើង វានឹងមិនខ្ពស់ពេក ផ្ទុយទៅវិញវានឹងបែកមែកច្រើន ធ្វើឱ្យមានផ្កា ផ្លែច្រើនដែរ ចំណែកឬសកែវនឹងកើតជាឬសតូចៗច្រើន អាចរកអាហារ ជីវជាតិមកចិញ្ចឹមដើមបានដោយងាយ។ ក្នុង ១ រណ្តៅ ដាំកូនម្ទេស ១ ដើម ដោយជ្រើសរើសតែដើមថ្លោសល្អ ។ ក្រោយពីដាំកូនហើយ យើងត្រូវកាត់ចំបើងធ្វើគម្រប រួចស្រោចទឹកឲ្យជោគ។
៣.ការថែទាំ
ក្រោយពី ស្ទូងហើយ យើងត្រូវស្រោចទឹក ១ ថ្ងៃ ២ ដង ។ ក្រោយពីកូនម្ទេសដុះរឹងប៉ឹង ស្មៅចាប់ផ្តើមដុះ យើងត្រូវធ្វើការជ្រុំដីដកស្មៅ ដើម្បីបំផុសដីឲ្យមានខ្យល់ចេញចូល ទឹកជ្រាបបានល្អ ។ ក្នុងការដាំម្ទេសនេះ យើងត្រូវជួបប្រទះនូវការបំផ្លាញពីស្រមោចដែលរោមត្រួយ ធ្វើឲ្យត្រួយរួញស្លឹក យើងត្រូវបានកំចាត់វាដោយរោយផេះនៅតាមគល់ ។ នៅពេលម្ទេសជិតចេញផ្កា យើងត្រូវដាក់ជីកំប៉ុស្តិកប់ចូលដីនៅក្បែរគល់ ។ ការគ្របគល់ធ្វើស្មៅ និងស្រោចទឹកបន្តរហូតដល់ម្ទេសចេញផ្លែ ។
៤.ការប្រមូលផល
ក្រោយពី ដាំបានរយៈពេល ៤ ខែ យើងចាប់ប្រមូលផល ដោយបេះតែផ្លែទុំល្អ ឬក្រហមព្រឿងៗ។ ការបេះផ្លែធ្វើឡើងរយៈពេល ១ អាទិត្យម្តង។ យើងបេះផ្លែម្ទេសម្តងបាន ២០ គីឡូក្រាម លើផ្ទៃដី ១០ អារ ។ ក្នុងមួយខួបជីវិត យើងបេះបានប្រហែល ១២-១៣ ដង ឬ ២៤០ ទៅ ២៦០ គីឡូក្រាម ។ តំលៃដែល យើងលក់បានប្រែប្រួលពី ៤០០០-៥០០០ រៀលក្នុង១ គីឡូក្រាម ។ ក្នុងការដាំម្ទេសនេះ យើងចំណាយតែលើការទិញពូជតែម្តងប៉ុណ្ណោះ ការដាំក្រោយៗទៀត យើងរក្សាទុកពូជដោយខ្លួនឯង ។

14900394_1210512852328697_4210227613257262278_n


1 Comment

Biana

December 23, 2016 at 10:56 am

The abiilty to think like that is always a joy to behold

Leave a Reply

Read previous post:
p5
ឳសថធម្មជាតិអាចព្យាបាលជម្ងឺមហារីក

Close